ច្បាប់សង្រ្គាម និងបទល្មើសសង្រ្គាម
សួស្តីអ្នកស្តាប់ជាទីមេត្រី! សូមស្វាគមន៍មកកាន់កម្មវិធី "អត្ថាធិប្បាយច្បាប់" ដែលជាកន្លែងយើងស្វែងយល់ពីប្រធានបទផ្លូវច្បាប់សំខាន់ៗ។ ថ្ងៃនេះ យើងនឹងលើកយកប្រធានបទមួយដែលពិតជាចាំបាច់ និងរសើប នោះគឺ "ច្បាប់នៃការធ្វើសង្គ្រាម"។

តើអ្នកធ្លាប់ឆ្ងល់ទេថា ទោះក្នុងពេលមានសង្គ្រាមក៏ដោយ ក៏នៅតែមានច្បាប់ដែលត្រូវគោរពដែរឬអត់?
តាមពិតទៅ ច្បាប់នៃការធ្វើសង្គ្រាម ត្រូវបានគេស្គាល់ជាផ្លូវការថាជា ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law - IHL)។
និយាយឱ្យងាយស្តាប់ទៅ IHL ឬក៏ច្បាប់សង្គ្រាមហ្នឹងឯង។ វាគឺជាសំណុំនៃច្បាប់អន្តរជាតិដែលកំណត់អំពីលើការប្រើប្រាស់អំពើហិង្សាក្នុងជម្លោះប្រដាប់អាវុធ។ គោលបំណងសំខាន់របស់វា គឺដើម្បី កាត់បន្ថយផលវិបាកនៃការធ្វើសង្គ្រាមមកលើមនុស្សជាតិ ជាពិសេសការការពារជនស៊ីវិល និងអ្នកដែលមិនបានចូលរួមក្នុងការប្រយុទ្ធ។
សង្រ្គាម គឺជាជម្លោះប្រដាប់អាវុធរវាងកម្លាំងពីរឬច្រើន ដែលអាចនាំឲ្យខូចខាតឬប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នាក៏ត្រូវការឲ្យមានបទដ្ឋានច្បាប់ត្រឹមត្រូវ ដើម្បីចៀសវាងប៉ះពាល់ធ្ងន់ដល់មនុស្សធម៌។
ប្រភពសំខាន់ៗនៃច្បាប់សង្គ្រាម IHL
Host: តើច្បាប់ទាំងនេះចេញមកពីណា? IHL វាមានប្រភពសំខាន់ៗពីរ៖
- សន្ធិសញ្ញា (Treaty Law)៖ ទាំងនេះគឺជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងរដ្ឋនានា។ សន្ធិសញ្ញាដែលសំខាន់បំផុតគឺ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ (Geneva Conventions of 1949)។ វាមាន ៤ អនុសញ្ញា និងពិធីសារបន្ថែម (Additional Protocols) ពីរ ដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៧៧។
- អនុសញ្ញាទីមួយ និងទីពីរ និយាយពីការការពារទាហានរបួស ឈឺ និងអ្នកលិចកប៉ាល់។
- អនុសញ្ញាទីបី ផ្តោតលើរបៀបប្រព្រឹត្តចំពោះ អ្នកទោសសង្គ្រាម (Prisoners of War - POWs)។
- ហើយសំខាន់បំផុតសម្រាប់ជនស៊ីវិល គឺ អនុសញ្ញាទីបួន ដែលការពារជនស៊ីវិលក្នុងពេលសង្គ្រាម រួមទាំងអ្នកដែលរស់នៅក្រោមការកាន់កាប់ ឬកាប់ចាប់ជាឈ្លើយសឹក។
ក្រៅពីនេះ ក៏មាន អនុសញ្ញាទីក្រុងឡាអេ (Hague Conventions) ដែលផ្តោតលើមធ្យោបាយ និងវិធីសាស្ត្រនៃការធ្វើសង្គ្រាម ដូចជាការហាមឃាត់អាវុធមួយចំនួនដូចជាអាវុធគីមីជាដើម។
- ច្បាប់ទំនៀមទម្លាប់អន្តរជាតិ (Customary International Law)៖ នេះគឺជាច្បាប់ដែលកើតចេញពីការអនុវត្តន៍ទូទៅ ជាប់លាប់ និងត្រូវបានទទួលស្គាល់ដោយរដ្ឋនានាថាជាកាតព្វកិច្ចផ្លូវច្បាប់។ ដូច្នេះ ទោះរដ្ឋមួយមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាក៏ដោយ ក៏ខ្លួននៅតែអាចជាប់កាតព្វកិច្ចក្រោមច្បាប់ទំនៀមទម្លាប់នេះដែរ។
គោលការណ៍សំខាន់ៗនៃច្បាប់សង្គ្រាម IHL
Host: IHL មានគោលការណ៍សំខាន់ៗមួយចំនួនដែលត្រូវតែត្រូវបានគោរពក្នុងពេលប្រយុទ្ធ៖
- គោលការណ៍បែងចែក (Principle of Distinction)៖ ភាគីជម្លោះត្រូវតែបែងចែកជានិច្ចរវាង អ្នកប្រយុទ្ធ និង ជនស៊ីវិល។ ជនស៊ីវិលមិនអាចជាគោលដៅនៃការវាយប្រហារដោយផ្ទាល់បានឡើយ។ ដូចគ្នាដែរ រវាងគោលដៅយោធា និងវត្ថុស៊ីវិល។
- គោលការណ៍សមាមាត្រ (Principle of Proportionality)៖ ការវាយប្រហារយោធាមួយត្រូវតែត្រូវបានហាមឃាត់ ប្រសិនបើវាត្រូវបានដឹងមុនថានឹងបង្កឱ្យមានការខូចខាតដល់ជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលហួសហេតុ បើប្រៀបធៀបទៅនឹងផលវិបាកដែលកើតមាននៅតំបន់យោធា។
ឧទាហរណ៍ ការវាយប្រហារតំបន់យោធាមួយ ប៉ុន្តែដឹងថានឹងបណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់ នោះអាចជាការបំពាន។ ព្រោះបន្ទាយទាហាននោះស្ថិតក្នុងភូមិ ឬក្បែរនោះមានអាគារជនស៊ីវិលរស់នៅច្រើនជាដើម។
- គោលការណ៍ការប្រុងប្រយ័ត្ន (Principle of Precaution)៖ ភាគីជម្លោះត្រូវតែចាត់វិធានការប្រុងប្រយ័ត្នទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីជៀសវាង ឬកាត់បន្ថយការខូចខាតដល់ជនស៊ីវិល។