
១- ការចាប់ខ្លួន៖
អ្នកអាចត្រូវបានចាប់ខ្លួន ករណីមានមូលហេតុសមស្រប និងសង្ស័យថាអ្នកបានប្រព្រឹត្តបទល្មើសណាមួយ។ មន្ត្រីនគរបាល នឹងនាំខ្លួនអ្នកយកទៅប៉ុស្តិ៍នគរបាល។ ប្រសិនបើអ្នកមិនសហការ ឬរឹងទទឹងនឹងការចាប់ខ្លួននេះ មន្ត្រីនគរបាលអាចនឹងប្រើកម្លាំងបង្ខំចាប់ខ្លួនអ្នក។ ប្រសិនបើបទល្មើសមិនធ្ងន់ធ្ងរ មន្ត្រីនគរបាល អាចដោះលែងអ្នកពីប៉ុស្តិ៍នគរបាល។
២- ការសួរចម្លើយ និងការឃាត់ខ្លួន៖ មន្ត្រីនគរបាល នឹងសួរចម្លើយអ្នកនៅប៉ុស្តិ៍នគរបាល។ មន្ត្រីនគរបាល នឹងប្រាប់អ្នកភ្លាមអំពីមូលហេតុនៃការឃាត់ខ្លួននេះ។ អ្នកនឹងត្រូវផ្ដល់ឱកាសឲ្យឆ្លើយបំភ្លឺនូវ រឿងហេតុដែលបានកើតឡើង និងត្រូវបានកត់ត្រាក្នុងកំណត់ហេតុជាផ្លូវការ ដើម្បីដាក់ជូនតុលាការ។ អ្នកមានសិទ្ធិនៅស្ងៀមមិននិយាយអ្វីទាំងអស់ រហូតដល់អ្នកទទួលបានមេធាវីការពារ។ ប្រសិនបើមន្ត្រីនគរបាល ធ្វើទារុណកម្មអ្នក ដើម្បីឲ្យអ្នកឆ្លើយសារភាពនោះជាអំពើខុសច្បាប់។ ក្រោយពេលសាកសួរ មន្ត្រីនគរបាល អាចសម្រេចដោះលែងអ្នក ឬ ឃាត់ខ្លួនអ្នករហូតដល់ ៤៨ ម៉ោង (២ថ្ងៃ)។ មន្ត្រីនគរបាល អាចពន្យាពេលឃាត់ខ្លួននេះ ២៤ ម៉ោងបន្ថែមទៀត លើកលែងតែអ្នកមានអាយុ ក្រោម ១៨ ឆ្នាំទើបការពន្យាពេលមិនត្រូវបានអនុវត្ត។ អ្នកមានសិទ្ធិជួបមេធាវី ឬសាច់ញាតិរបស់អ្នក បន្ទាប់ពីរយៈពេល ២៤ ម៉ោងកន្លងផុត។ អ្នកក៏មានសិទ្ធិទទួលបានជំនួយព្យាបាលនានាពីគ្រូពេទ្យ បានគ្រប់ពេល ក្នុងអំឡុងពេលឃាត់ខ្លួន។
៣- តុលាការ - ដំណាក់កាលអយ្យការ៖ មន្ត្រីនគរបាល នឹងបញ្ជូនខ្លួនអ្នកចេញពីប៉ុស្តិ៍នគរបាលទៅកាន់តុលាការឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន តែមិនឲ្យលើសរយៈពេល ៤៨ ម៉ោង (២ថ្ងៃ) ឬ បន្ទាប់ពីពន្យាពេល ២៤ ម៉ោងរួចហើយ។
នៅតុលាការ ព្រះរាជអាជ្ញានឹងសួរចម្លើយអ្នក ហើយនឹងសម្រេចចោទប្រកាន់អ្នកអំពីបទល្មើសណាមួយ ឬសម្រេចមិនធ្វើ ការចោទប្រកាន់អ្នក និងដោះលែងអ្នក។ ប្រសិនបើអ្នកត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយដែលមានលក្ខណៈស្មុគស្មាញ (បទឧក្រិដ្ឋ) ព្រះរាជអាជ្ញានឹងបញ្ ជូន សំណុំរឿងរបស់អ្នកទៅចៅក្រមស៊ើបសួរ ដើម្បីធ្វើការស៊ើបសួរបន្ត ហើយនឹងអាចស្នើសុំឲ្យចៅក្រមស៊ើបសួរឲ្យឃុំខ្លួនអ្នកបណ្ដោះអាសន្ននៅពន្ធនាគារ ។
៤- តុលាការ - ដំណាក់កាលចៅក្រមស៊ើបសួរ៖ ចៅក្រមស៊ើបសួរ នឹងធ្វើការស៊ើបសួរលើសំណុំរឿងរបស់អ្នក។ ប្រសិនបើអ្នកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ឬប្រសិនបើអ្នកជាអនីតិជន សំណុំរឿងក្ដីរបស់អ្នក មិនអាចប្រព្រឹត្តទៅដោយគ្មានមេធាវីបានទេ។ នៅពេលអ្នកបង្ហាញខ្លួនដំបូងនៅតុលាការចំពោះមុខចៅក្រមស៊ើបសួរ ចៅក្រមស៊ើបសួរ នឹងសម្រេចថាដោះលែងអ្នក ឬ ដាក់អ្នកអោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឬឃុំខ្លួនអ្នកបណ្តោះអាសន្ននៅក្នុងពន្ធនាគារអំឡុងពេលស៊ើបសួរ។
ចៅក្រមស៊ើបសួរ ត្រូវតែប្រាប់អ្នក អំពីមូលហេតុនៃការដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឬឃុំខ្លួនបណ្តោះអាសន្ននោះ។ រយៈពេលអតិបរមាន ការឃុំខ្លួនបណ្តោះអាសន្ន មានរយៈពេលខុសៗគ្នា ទៅតាមអាយុរបស់អ្នក និងបទល្មើសដែលបានចោទប្រកាន់។
អ្នក ឬមេធាវីរបស់អ្នក អាចដាក់ពាក្យសុំឲ្យដោះ លែងនៅក្រៅឃុំបានគ្រប់ពេលវេលា ទៅចៅក្រមស៊ើបសួរ។ ប្រសិនបើពាក្យសុំនេះត្រូវបានសម្រេចបដិសេធ អ្នក ឬមេធាវីរបស់អ្នក អាចដាក់ពាក្យសុំជាថ្មីម្ដងទៀត ក្នុងរយៈពេល១ខែ បន្ទាប់ពីមានសេចក្ដីសម្រេចបដិសេធពាក្យសុំលើកមុន ទៅចៅក្រមស៊ើបសួរ ឬសភាស៊ើបសួរ។ នៅពេលបិទការស៊ើបសួរ ចៅក្រមស៊ើបសួរ អាច បញ្ជូនសំណុំរឿងអ្នកទៅជំនុំជម្រះ ឬលើកលែងការចោទប្រកាន់។ ប្រសិនបើចៅក្រមស៊ើបសួរ សម្រេចលើកលែងការចោទប្រកាន់ អ្នកនឹងត្រូវបានដោះលែង។ ប៉ុន្តែ បើចៅក្រមស៊ើបសួរនៅតែរក្សាការចោទប្រកាន់ អ្នកនឹងត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគាររហូតដល់ថ្ងៃសវនាការ ឬអាចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរហូតដល់ ថៃ្ងសវនាការ។ អ្នកនៅតែអាចបន្តការស្នើសុំឲ្យដោះលែងអ្នក រហូតដល់ពេលសវនាការ។ អ្នកនឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយឯកឯង ប្រសិនបើអ្នកមិនត្រូវ បានយកមកជំនុំជម្រះ ក្នុងរយៈពេល ៤ ខែ បន្ទាប់ពីបញ្ចប់ការស៊ើបសួរ។
៥- ការជំនុំជម្រះ - សវនាការ៖ នៅក្នុងដំណាក់កាលជំនុំជម្រះ ប្រសិនបើអ្នកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ឬអ្នកជាអនីតិជន អ្នកត្រូវមានជំនួយរបស់មេធាវីដាច់ខាត ក្នុងអំឡុងពេល សវនាការ អ្នកនឹងត្រូវសាកសួរដោយចៅក្រម ព្រះរាជអាជ្ញា និងមេធាវី។ អ្នកត្រូវបានសន្មតថាគ្មានទោស រហូតដល់តុលាការសម្រេចថាមានពិរុទ្ធ។ អ្នកអាចទទួល យកការចោទប្រកាន់ ឬ មិនទទួលយកការចោទប្រកាន់របស់តុលាការ។ បើអ្នកគ្មានលទ្ធភាពជ្រើសរើសមេធាវី អ្នកនឹងត្រូវផ្តល់ជំនួយមេធាវីដោយឥតគិតកម្រៃ។ នៅចុងបញ្ចប់សវនាការ ប្រសិនបើចៅក្រមពិនិត្យឃើញថា អ្នកគ្មានពិរុទ្ធ អ្នកនឹងត្រូវបានដោះលែង តែបើពិនិត្យ ឃើញថាអ្នកមានពិរុទ្ធ អ្នកនឹងត្រូវបានផ្តន្ទាទោសតាមច្បាប់កំណត់។
បន្ទាប់ពីសវនាការ ប្រសិនបើអ្នកត្រូវបានរកឃើញថាមានពិរុទ្ធ ការផ្តន្ទាទោស ត្រូវតែសមាមាត្រទៅនឹងបទល្មើសដែលអ្នកបានប្រព្រឹត្ត។ តុលាការ ក៏អាចនឹង ពិចារណាអំពីស្ថានសម្រាល ទៅតាមកាលៈទេសៈដែលអ្នកប្រព្រឹត្តបទល្មើស និងស្ថានភាពផ្ទាល់ខ្លួនជាក់ស្ដែងរបស់អ្នកនៅពេលនោះ។ សេចក្តីសម្រេចរបស់ តុលាការ នឹងត្រូវប្រកាសនៅក្នុងសវនាការសាធារណៈ ហើយត្រូវអានដោយប្រធានសវនាការ នៅថ្ងៃសវនាការនោះ ឬអាចលើកពេលប្រកាសទៅពេលក្រោយ។
៦- ការប្ដឹងមិនសុខចិត្តនឹងសេចក្ដីសម្រេចតុលាការ៖
ប្រសិនបើអ្នកមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់តុលាការទេ អ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្ដន្ទាទោស និង / ឬ ការរកឃើញពិរុទ្ធភាពរបស់អ្នក ក្នុង រយៈពេល ១ ខែ គិតពីថ្ងៃប្រកាសសាលក្រម។ អ្នកអាចធ្វើបណ្ដឹងឧទ្ធរណ៍ដោយខ្លួនអ្នក ឬតាមរយៈប្រធានពន្ធនាគារ ឬតាមរយៈមេធាវីរបស់អ្នក។ ប្រសិនបើអ្នកប្ដឹង | ឧទ្ធរណ៍ អ្នកប្រហែលជាអាចរួចផុតពីបទចោទប្រកាន់ នៅសវនាការសាលាឧទ្ធរណ៍ ឬទោសរបស់អ្នកអាចនឹងត្រូវបានកាត់បន្ថយ។ ព្រះរាជអាជ្ញា ក៏មានសិទ្ធិប្តឹង ឧទ្ធរណ៍ក្នុងរយៈពេល ១ ខែដូចគ្នា។ ក្នុងករណីដែលព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ប្រឆាំងនឹងអ្នក អ្នកនឹងត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគាររហូតដល់សាលាឧទ្ធរណ៍សម្រេច ប៉ុន្តែអ្នកនៅតែអាចស្នើសុំឲ្យដោះលែងអ្នក រហូតដល់សវនាការសាលាឧទ្ធរណ៍។ ករណីនេះ ទោសរបស់អ្នក អាចនឹងត្រូវបន្ថែមលើសពីមុន។ ប្រសិនបើអ្នក ឬព្រះរាជ អាជ្ញា នៅតែមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ភាគីទាំងពីរមានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូល។
—
ស្រាវជ្រាវសរសេរដោយ ពូ ពិសី